ព្រឹត្តិការណ៍ទាំង ៣ធំៗ ដែលជះឥទ្ធិពលដល់តម្លៃមាសឲ្យហក់ឡើងជិត $5,000/អោន នៅដើមឆ្នាំ២០២៦ នេះ

ក្នុងរយៈពេលថ្មីៗនេះ មានព្រឹត្តិការណ៍សំខាន់ជាច្រើនបានកើតឡើង ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃមាស និងលោហៈមានតម្លៃផ្សេងៗ។ ដោយសារកត្តាទាំងនេះមានភាពស្មុគស្មាញ ធ្វើឲ្យវិនិយោគិនជាច្រើនមានការលំបាកក្នុងការយល់ដឹងពីមូលហេតុដែលជំរុញឲ្យតម្លៃលោហៈមានតម្លៃបំបែកកំណត់ត្រាថ្មីៗជាបន្តបន្ទាប់។
ខាងក្រោមនេះគឺជាការសង្ខេបកត្តាសំខាន់ៗ ៖

1. បំណុលសហរដ្ឋអាមេរិក និងគោលនយោបាយហិរញ្ញវត្ថុ
បច្ចុប្បន្ន បំណុលសាធារណៈរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់ប្រមាណ 38 ទ្រីលានដុល្លារអាមេរិក ហើយការចំណាយលើការប្រាក់បានឈានដល់ជិត 1 ទ្រីលានដុល្លារក្នុងមួយឆ្នាំ។ ស្ថានភាពនេះបានបង្កើនសម្ពាធឲ្យអាមេរិកត្រូវពិចារណាកាត់បន្ថយអត្រាការប្រាក់ ទោះបីអត្រាអតិផរណាមិនទាន់ឈានដល់គោលដៅ 2% ក៏ដោយ។
ស្ថានភាពខាងលើបានបង្កើនការព្រួយបារម្ភរបស់វិនិយោគិនចំពោះសមត្ថភាពរបស់អាមេរិកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការរក្សាស្ថិរភាពអតិផរណា ដែលអាចនាំទៅដល់ការធ្លាក់ចុះនៃអំណាចទិញរបស់ប្រាក់ដុល្លារ។


ក្នុងអតីតកាល ទោះបីបំណុលមានកម្រិតខ្ពស់ក៏ដោយ វិនិយោគិននៅតែមានទំនុកចិត្តក្នុងការរក្សាទុនបម្រុងនៅទីផ្សារអាមេរិក។ ទោះជាយ៉ាងណា ស្ថានភាពនេះបានផ្លាស់ប្តូរចាប់តាំងពីអាមេរិកបានដាក់ទណ្ឌកម្ម និងរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី បន្ទាប់ពីវិបត្តិសង្គ្រាមអ៊ុយក្រែន។ បន្ថែមពីនេះ គោលនយោបាយបរទេសរបស់អាមេរិក ដូចជា ការដាក់ពន្ធគយ ការធ្វើសកម្មភាពប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា អ៊ីរ៉ង់ និងថ្មីៗនេះទាក់ទងនឹងអឺរ៉ុប បានធ្វើឲ្យការព្រួយបារម្ភកាន់តែខ្លាំងឡើង។


ជាលទ្ធផល De-dollarization ឬ “Sell America” បានចាប់ផ្តើមកើនឡើងវិញ។ សូម្បីតែប្រទេសមិត្តភាពជិតស្និទ្ធ ដូចជា កាណាដា និងបណ្តាប្រទេសអឺរ៉ុប ក៏បានអំពាវនាវអំពីការបង្កើតរបៀបសេដ្ឋកិច្ចសកលថ្មី ដែលមានការពឹងផ្អែកតិចលើអាមេរិក។ និន្នាការនេះទើបតែចាប់ផ្តើម ហើយមានទស្សនៈថានឹងកាន់តែបង្កើនល្បឿននៅឆ្នាំ 2026 ដែលជាហេតុធ្វើឲ្យតម្លៃលោហៈមានតម្លៃបន្តកើនឡើងយ៉ាងខ្លាំង។

2. ភាពតានតឹងភូមិសាស្ត្រនយោបាយ
ភាពតានតឹងភូមិសាស្ត្រនយោបាយថ្មីៗ នៅវ៉េណេស៊ុយអេឡា អ៊ីរ៉ង់ និងតំបន់ Greenland បានបន្ថែមសម្ពាធវិជ្ជមានដល់តម្លៃមាស។ ទោះយ៉ាងណា កត្តានេះមានលក្ខណៈមិនអាចព្យាករណ៍បាន និងជាឥទ្ធិពលក្នុងរយៈពេលខ្លីជាចម្បង ព្រោះភាពតានតឹងអាចកើនឡើង ឬថយចុះបានយ៉ាងឆាប់រហ័ស។

3. គោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក
ក្នុងឆ្នាំ 2025 សហរដ្ឋអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ចំនួន 3 ដង ហើយទីផ្សាររំពឹងថានឹងមានការកាត់បន្ថយបន្ថែមនៅឆ្នាំ 2026 ទោះបីការរំពឹងខ្លះត្រូវបានកែប្រែវិញក្នុងពេលបច្ចុប្បន្នក៏ដោយ។
ចំពោះការផ្លាស់ប្តូរអ្នកដឹកនាំធនាគារកណ្តាល (Fed) នាពេលអនាគត ប្រសិនបើលោក Kevin Warsh ត្រូវបានតែងតាំង គោលនយោបាយអត្រាការប្រាក់អាចមានទិសដៅទាបជាងមុន ខណៈលោក Reider អាចមានទស្សនៈប្រុងប្រយ័ត្នជាង។ ទោះយ៉ាងណា ជារួម គេនៅតែរំពឹងថា នឹងមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត។
បន្ថែមពីនេះ ធនាគារកណ្តាលអាមេរិកបានបញ្ឈប់កម្មវិធី QT និងបានចាប់ផ្តើមបញ្ចូលសាច់ប្រាក់តាមរយៈការគ្រប់គ្រងទុនបម្រុង (Reserve Management) ដែលត្រូវបានប្រកាសដោយលោក Jerome Powell ថ្មីៗនេះ។

សេចក្តីសន្និដ្ឋាន
ក្នុងចំណោមកត្តាទាំងបី កត្តាសំខាន់បំផុតដែលជំរុញតម្លៃមាសគឺ និន្នាការ De-dollarization ដែលត្រូវបានរំពឹងថានឹងកាន់តែមានល្បឿនលឿននៅឆ្នាំ 2026។
អ្នកគ្រប់គ្រងមូលនិធិស្ថាប័នធំៗកំពុងចាប់ផ្តើមបង្កើនការបែងចែកទុនទៅលើលោហៈមានតម្លៃ ដើម្បីការពារការហានិភ័យអតិផរណា និងភាពមិនប្រាកដប្រជានយោបាយ។ ខណៈពេលដូចគ្នា ប័ណ្ណរតនាគារអាមេរិកកំពុងបង្ហាញសញ្ញាថា មានភាពមិនទុកចិត្តកាន់តែខ្លាំង និងស្ថិតក្រោមឥទ្ធិពលនយោបាយអាមេរិកកាន់តែច្រើន។
ប្រសិនបើមានការផ្លាស់ទីទុនយ៉ាងធំចូលទៅកាន់លោហៈមានតម្លៃ វាអាចជំរុញឲ្យតម្លៃបន្តកើនឡើងថែមទៀត។ សង្គ្រាម និងការផ្លាស់ប្តូរអត្រាការប្រាក់មានឥទ្ធិពលខ្លាំងក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែមិនមែនជាកត្តាគាំទ្ររយៈពេលវែងដូចនិន្នាការ De-dollarization ទេ។

រៀបរៀងនិងស្រាវជ្រាវដោយ៖

Market Research Department of GFG Investment
ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 097 269 4338
📲ទំនាក់ទំនងព័ត៌មាន លំអិត: https://t.me/GFGISupporter
📣ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងអំពីការវិនិយោគ សូមចូលទៅកាន់តំណភ្ជាប់បណ្តាញសង្គមរបស់ ក្រុមហ៊ុន GFG Investment 👉៖​ https://qrco.de/bdHCn4